Galatians 6

1បងប្អូនអើយ! ​បើអ្នកណាម្នាក់​ធ្វើ​បាប​ចូរ​ឲ្យ​អ្នករាល់គ្នាដែល​ដើរតាម​ព្រះ​វិញ្ញាណកែតម្រង់អ្នកនោះដោយចិត្តស្លូតបូត​ហើយ​ត្រូវ​ប្រយ័ត្នខ្លួនឯងក្រែងលោអ្នកក៏ត្រូវល្បួងដែរ 2ចូរជួយ​រំលែកបន្ទុក​គ្នា​ទៅវិញទៅមក​ធ្វើ​ដូច្នេះទើប​អ្នករាល់គ្នា​សម្រេច​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​គ្រិស្ដ 3ដ្បិតបើអ្នកណាគិតថា​ខ្លួន​ជាអ្វីមួយ​ប៉ុន្តែ​មិនមែនជា​អ្វី​សោះ​អ្នកនោះ​បញ្ឆោតខ្លួនឯងហើយ 4ផ្ទុយទៅវិញចូរ​ឲ្យ​ម្នាក់ៗពិសោធការប្រព្រឹត្តិ​របស់​ខ្លួនចុះពេលនោះ​គេ​នឹង​មានអំនួតចំពោះតែខ្លួនឯងប៉ុណ្ណោះមិនមែនចំពោះអ្នកដទៃទេ 5ដ្បិតម្នាក់ៗ​ត្រូវ​លីបន្ទុក​របស់​ខ្លួន 6ចូរឲ្យ​អ្នក​ដែលរៀន​ព្រះ​បន្ទូលចែករំលែក​របស់​ល្អៗទាំងអស់​ដល់​អ្នក​ដែលបង្រៀន 7កុំឲ្យ​ចាញ់បញ្ឆោតឡើយគ្មាន​អ្នកណា​ចំអកឲ្យព្រះជាម្ចាស់​បាន​ទេដ្បិតអ្នកណាព្រោះអ្វី​អ្នកនោះ​នឹង​ច្រូត​បាន​ផល​នោះឯង 8ដ្បិតអ្នក​ដែលព្រោះខាងសាច់ឈាម​របស់​ខ្លួន​អ្នកនោះ​នឹង​ច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមរីឯ​អ្នក​ដែលព្រោះខាង​ព្រះ​វិញ្ញាណ​អ្នកនោះ​នឹង​ច្រូតបានជីវិតអស់កល្បជានិច្ចពី​ព្រះ​វិញ្ញាណ 9ចូរយើង​កុំនឿយណាយ​នឹង​ប្រព្រឹត្តល្អឡើយព្រោះ​បើ​យើង​មិនល្វើយទេ​ដល់​វេលាកំណត់​យើង​នឹង​ច្រូតបាន​ផល​ជា​មិនខាន។ 10ហេតុនេះកាលណា​យើង​មានឱកាស​យើង​ត្រូវ​ប្រព្រឹត្តល្អចំពោះ​មនុស្ស​ទាំងអស់ជាពិសេសចំពោះបងប្អូនរួមជំនឿ 11មើល៍ខ្ញុំ​សរសេរអក្សរធំៗ​មក​អ្នករាល់គ្នា​ដោយ​ដៃខ្ញុំផ្ទាល់​ថា 12អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម​អ្នក​ទាំងនោះ​បាន​បង្ខំ​ឲ្យ​អ្នករាល់គ្នាកាត់ស្បែកដើម្បីកុំ​ឲ្យ​ពួកគេ​ត្រូវ​បៀតបៀនដោយឈើឆ្កាង​របស់​ព្រះ​គ្រិស្ដប៉ុណ្ណោះ 13ដ្បិតពួក​អ្នកកាត់ស្បែកខ្លួនគេផ្ទាល់មិនកាន់តាមគម្ពីរវិន័យទេប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អ្នករាល់គ្នាកាត់ស្បែកដើម្បី​ឲ្យ​ពួកគេ​បាន​អួតខ្លួនដោយសារសាច់ឈាម​របស់​អ្នករាល់គ្នា 14រីឯខ្ញុំវិញ​សូម​កុំ​ឲ្យ​ខ្ញុំ​អួត​អំពី​អ្វី​ឡើយក្រៅពីឈើឆ្កាង​របស់​ព្រះ​យេស៊ូគ្រិស្តជាព្រះអម្ចាស់​របស់​យើង​ហើយ​ដោយសារឈើឆ្កាង​សម្រាប់​ខ្ញុំលោកិយ​ត្រូវ​បាន​ឆ្កាង​ហើយ​រួច​សម្រាប់​លោកិយខ្ញុំ​ក៏​ដូច្នោះ​ដែរ 15ដ្បិតការ​កាត់ស្បែកមិនកាត់ស្បែក​មិនមែន​ជាអ្វីឡើយ​សំខាន់​គឺការកើតជាថ្មី 16សូមឲ្យ​សេចក្ដីសុខសាន្តនិងសេចក្ដីមេត្តាករុណា​មាន​ដល់អស់អ្នកដែលរស់នៅ​តាម​គោលការណ៍នេះព្រមទាំង​ជនជាតិ​អ៊ីស្រាអែល​របស់​ព្រះជាម្ចាស់ 17ចាប់ពីពេលនេះ​តទៅ​កុំ​ឲ្យ​អ្នកណាម្នាក់បង្កបញ្ហា​ឲ្យ​ខ្ញុំ​ទៀត​ដ្បិតខ្ញុំមានស្លាកស្នាម​របស់​ព្រះ​យេស៊ូនៅលើរូបកាយ​របស់​ខ្ញុំ​ស្រាប់​ហើយ។ 18បងប្អូនអើយ! ​សូម​ឲ្យ​ព្រះ​គុណ​របស់​ព្រះ​យេស៊ូគ្រិស្តជាព្រះអម្ចាស់​របស់​យើង​ស្ថិតនៅ​ជាមួយវិញ្ញាណ​របស់​អ្នករាល់គ្នា​ចុះ​អាម៉ែន
Copyright information for KhmKCB